10 ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកំឡាំងឡើង ហើយធ្វើសំរេចចុះ។
11 នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោះ
12 ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សំរាប់ទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសំរាប់ជាឃ្លាំងរបស់ព្រះវិហារនៃព្រះ និងឃ្លាំងនៃដង្វាយបរិសុទ្ធទាំងប៉ុន្មាន
13 ហើយសំរាប់វេនពួកសង្ឃ និងពួកលេវី ហើយសំរាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
14 ដាវីឌទ្រង់ក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សំរាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះដែរ
15 គឺកំណត់ទំងន់មាស សំរាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទំងន់ប្រាក់ សំរាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ
16 ហើយមាសសំរាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សំរាប់អស់ទាំងតុធ្វើពីប្រាក់ដែរ