3 តែព្រះទ្រង់មានព្រះបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សំរាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចំបាំងមក ហើយបានកំចាយឈាមផង
4 ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានរើសយើងចេញ ពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតទ្រង់បានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា នោះទ្រង់បានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង នោះទ្រង់បានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
5 ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
6 ទ្រង់បានមានព្រះបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯងនឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា
7 អញនឹងតាំងរាជ្យវា ឲ្យនៅជាប់ជានិច្ចទៅ គឺបើវាកាន់ខ្ជាប់តាមក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ដូចជាសព្វថ្ងៃនេះ
8 ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
9 ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ