១ របាក្សត្រ 28:6-12 KHOV

6 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​ថា សាឡូ‌ម៉ូន ជា​កូន​ឯង​នឹង​ស្អាង​ព្រះ‌វិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​អញ ដ្បិត​អញ​បាន​រើស​វា ឲ្យ​បាន​ធ្វើ​ជា​កូន​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា

7 អញ​នឹង​តាំង​រាជ្យ​វា ឲ្យ​នៅ​ជាប់​ជានិច្ច​ទៅ គឺ​បើ​វា​កាន់​ខ្ជាប់​តាម​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ

8 ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អម្បាលម៉ាន ជា​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​បាន​ស្រុក​ល្អ​នេះ ទុក​ជា​កេរ‌អាករ​នៃ​អ្នក​រាល់​គ្នា ហើយ​ទុក​ជា​មរដក​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ខាង​ក្រោយ​ត​ទៅ។

9 ហើយ​ឯ​ឯង ឱ​សាឡូ‌ម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ‌ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ

10 ឥឡូវ​នេះ ចូរ​ឯង​ប្រុង​ប្រយ័ត្ន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​ឯង ឲ្យ​បាន​ស្អាង​ព្រះ‌វិហារ ទុក​ជា​ទី​បរិសុទ្ធ ដូច្នេះ ចូរ​ឯង​មាន​កំឡាំង​ឡើង ហើយ​ធ្វើ​សំរេច​ចុះ។

11 នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំង‌សាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ

12 ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សំរាប់​ទី​លាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សំរាប់​ជា​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ និង​ឃ្លាំង​នៃ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន