7 អញនឹងតាំងរាជ្យវា ឲ្យនៅជាប់ជានិច្ចទៅ គឺបើវាកាន់ខ្ជាប់តាមក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ដូចជាសព្វថ្ងៃនេះ
8 ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
9 ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
10 ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកំឡាំងឡើង ហើយធ្វើសំរេចចុះ។
11 នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោះ
12 ហើយនឹងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សំរាប់ទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសំរាប់ជាឃ្លាំងរបស់ព្រះវិហារនៃព្រះ និងឃ្លាំងនៃដង្វាយបរិសុទ្ធទាំងប៉ុន្មាន
13 ហើយសំរាប់វេនពួកសង្ឃ និងពួកលេវី ហើយសំរាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ