១ របាក្សត្រ 28:9-15 KHOV

9 ហើយ​ឯ​ឯង ឱ​សាឡូ‌ម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ‌ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ

10 ឥឡូវ​នេះ ចូរ​ឯង​ប្រុង​ប្រយ័ត្ន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​ឯង ឲ្យ​បាន​ស្អាង​ព្រះ‌វិហារ ទុក​ជា​ទី​បរិសុទ្ធ ដូច្នេះ ចូរ​ឯង​មាន​កំឡាំង​ឡើង ហើយ​ធ្វើ​សំរេច​ចុះ។

11 នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំង‌សាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ

12 ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សំរាប់​ទី​លាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សំរាប់​ជា​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ និង​ឃ្លាំង​នៃ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន

13 ហើយ​សំរាប់​វេន​ពួក​សង្ឃ និង​ពួក​លេវី ហើយ​សំរាប់​កិច្ច‌ការ​នៃ​ការ‌ងារ​ទាំង​អស់ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់ ដែល​ប្រើ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ

14 ដាវីឌ​ទ្រង់​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ និង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សំរាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ​ដែរ

15 គឺ​កំណត់​ទំងន់​មាស សំរាប់​ធ្វើ​ជើង​ចង្កៀង​មាស និង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​នីមួយៗ និង​តួ​ចង្កៀង​នីមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សំរាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង និង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​នីមួយៗ​នោះ