១ របាក្សត្រ 29:1-5 KHOV

1 លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូ‌ម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស គឺ​សំរាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ

2 យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សំរាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សំរាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សំរាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សំរាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​ដំឡៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ

3 មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ខ្លួន​យើង សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សំរាប់​ទី​បរិសុទ្ធ​នេះ

4 គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សំរាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន

5 ហើយ​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សំរាប់​គ្រប់​ទាំង​ការ ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ។