១ របាក្សត្រ 29:13-19 KHOV

13 ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ

14 តែ​តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ

15 ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ

16 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ទ្រង់ សំរាប់​ព្រះ‌នាម​បរិសុទ្ធ​ទ្រង់ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​ទ្រង់​ទេ ហើយ​ជា​របស់​ផង​ទ្រង់​ទាំង​អស់​ដែរ

17 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ទ្រង់​ដែល​ល្បង​ល​ចិត្ត ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ​ឯង ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​រាស្ត្រ​របស់​ទ្រង់ ដែល​ប្រជុំ​នៅ​ទី​នេះ​គេ​ថ្វាយ​ដល់​ទ្រង់ ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ

18 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​អ៊ីស្រា‌អែល ជា​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់

19 ហើយ​សូម​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ។