១ របាក្សត្រ 29:17-23 KHOV

17 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ទ្រង់​ដែល​ល្បង​ល​ចិត្ត ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ​ឯង ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​រាស្ត្រ​របស់​ទ្រង់ ដែល​ប្រជុំ​នៅ​ទី​នេះ​គេ​ថ្វាយ​ដល់​ទ្រង់ ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ

18 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​អ៊ីស្រា‌អែល ជា​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់

19 ហើយ​សូម​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ។

20 ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។

21 ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ និង​ដង្វាយ​ច្រួច​នៃ​ដង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ​សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

22 គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។រួច​គេ​តាំង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​អ្នក​គ្រប់‌គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ

23 នោះ​សាឡូ‌ម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ ព្រះ‌បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់