១ របាក្សត្រ 29:24-30 KHOV

24 ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ដាវីឌ នោះ​ក៏​ចុះ​ចូល​នឹង​ស្តេច​សាឡូ‌ម៉ូន​ទាំង​អស់​ដែរ

25 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដំកើង​សាឡូ‌ម៉ូន​ឡើង​យ៉ាង​ក្រៃលែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។

26 រីឯ​ដាវីឌ ជា​បុត្រ​អ៊ីសាយ ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល

27 ហើយ​ពេល​វេលា​ដែល​ទ្រង់​សោយ‌រាជ្យ​លើ​គេ នោះ​រួម​ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ

28 រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​ផង នោះ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

29 រីឯ​កិច្ច‌ការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត និង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើល‌ឆុត​ហើយ

30 ព្រម​ទាំង​រឿង​ពី​រាជ្យ និង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​នោះ​ផង។:៚