១ របាក្សត្រ 29:7-13 KHOV

7 គេ​ថ្វាយ​សំរាប់​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប និង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប និង​ដែក​១​សែន​ហាប

8 ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន

9 នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ស្តេច​ដាវីឌ​ទ្រង់​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។

10 ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល អយ្យកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប‌ជានិច្ច

11 ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជំនះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់

12 ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​អំពី​ទ្រង់ ហើយ​គឺ​ទ្រង់​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​ទ្រង់​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កំឡាំង​ដល់​មនុស្ស​ទាំង​អស់

13 ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ