១ របាក្សត្រ 5:20-26 KHOV

20 គេ​ក៏​មាន​សេចក្ដី​ជំនួយ​ជួយ ទាំង​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាការេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​គេ ពី​ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចំបាំង ទ្រង់​ក៏​ទទួល​ព្រម​តាម ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ដល់​ទ្រង់

21 គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​៥​ម៉ឺន ចៀម​២​សែន​៥​ម៉ឺន និង​លា​២​ពាន់ ព្រម​ទាំង​មនុស្ស​១​សែន​នាក់

22 មាន​មនុស្ស​ដួល​ស្លាប់​សន្ធឹក​ណាស់ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះ គេ​ក៏​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ទាំង​នោះ ដរាប​ដល់​វេលា​ដែល​គេ​ត្រូវ​ជាប់​ជា​ឈ្លើយ​វិញ។

23 ឯ​ពួក​កូន​ចៅ​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចំរើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុក​បាល-ហ៊ើម៉ូន និង​សេនារ ហើយ​ភ្នំ​ហ៊ើម៉ូន

24 ឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេរេមី ហូដាវា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ល្បី​ឈ្មោះ ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។

25 ប៉ុន្តែ​គេ​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​ពួក​អយ្យកោ​គេ ព្រម​ទាំង​ផិត​តាម​អស់​ទាំង​ព្រះ​របស់​ពួក​ជន នៅ​ស្រុក​ដែល​ព្រះ​បាន​បំផ្លាញ​ចេញ​ពី​មុខ​គេ

26 ដូច្នេះ ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​នៃ​ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ឲ្យ​ដឹក‌នាំ​គេ​ទៅ គឺ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ស្តេច​ទាំង​២​នោះ​ក៏​ដឹក‌នាំ​គេ​ទៅ​នៅ​ឯ​ហាឡា ហាបោរ ហារ៉ា ហើយ​ដល់​ទន្លេ​ស្រុក​កូសាន ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។