លូកា 10:13-19 KHOV

13 វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះផង

14 ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា

15 ហើយ​ក្រុង​កាពើ‌ណិម​អើយ គឺ​ឯង​ដែល​បាន​ដំកើង​ឡើង​ស្មើ​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ

16 ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល‌ងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើល‌ងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើល‌ងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

17 ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌នាម​ទ្រង់​ដែរ

18 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក‌បន្ទោរ

19 មើល​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យា‌ដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ