លូកា 11:29-35 KHOV

29 កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់‌តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សំគាល់​ទេ តែ​គ្មាន​ទី​សំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ

30 ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សំគាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សំគាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ

31 នៅ​ថ្ងៃ​ជំនុំ​ជំរះ មហា‌ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូ‌ម៉ូន ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូ‌ម៉ូន​ទៅ​ទៀត

32 នៅ​ថ្ងៃ​ជំនុំ​ជំរះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។

33 គ្មាន​អ្នក​ណា​ដែល​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ​ភ្លឺ

34 ឯ​ចង្កៀង​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត​វិញ

35 ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ