លូកា 12:42-48 KHOV

42 ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះ‌ត្រង់ មាន​មារយាទ​ល្អ ដែល​ចៅ‌ហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល

43 បើ​កាល​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​វា​មាន​ពរ​ហើយ

44 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​តាំង​អ្នក​នោះ ឲ្យ​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់

45 ប៉ុន្តែ បើ​អ្នក​បំរើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ចៅ‌ហ្វាយ​អញ​ក្រ​មក ហើយ​ក៏​តាំង​វាយ​ពួក​បាវ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង​វិញ

46 ដូច្នេះ ដល់​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​នៅ​ចាំ ហើយ​វេលា​ណា​ដែល​មិន​ដឹង នោះ​ចៅ‌ហ្វាយ​នឹង​មក​ដល់ ក៏​នឹង​ធ្វើ​ទោស​ជា​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មិន​ជឿ​ផង

47 អ្នក​បំរើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅ‌ហ្វាយ តែ​មិន​បាន​រៀប‌ចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​ជា​យ៉ាង​ច្រើន

48 ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។