28 ដូច្នេះ កាលណាឯងរាល់គ្នាត្រូវបោះទៅក្រៅ នោះនឹងយំ ហើយសង្កៀតធ្មេញ នៅទីនោះ ដោយឃើញលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ហើយអស់ទាំងហោរានៅក្នុងនគរព្រះ
29 ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ
30 ហើយមើលនឹងមានមនុស្សក្រោយទៅជាមុន និងមនុស្សមុនទៅជាក្រោយវិញ។
31 នៅថ្ងៃនោះឯង មានពួកផារីស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក
32 តែទ្រង់មានព្រះបន្ទូលទៅគេថា ចូរអ្នករាល់គ្នាទៅប្រាប់សត្វកញ្ជ្រោងនោះថា មើលខ្ញុំដេញអារក្ស ហើយប្រោសមនុស្សឲ្យជា នៅថ្ងៃនេះ ហើយថ្ងៃស្អែក លុះដល់ថ្ងៃទី៣ ខ្ញុំនឹងបានសំរេចការ
33 ប៉ុន្តែ ត្រូវឲ្យខ្ញុំដើរតាមផ្លូវខ្ញុំទៅ នៅក្នុងថ្ងៃនេះ ថ្ងៃស្អែក ហើយខានស្អែកទៀត ដ្បិតគ្មានទំនងឲ្យហោរាណាវិនាស ក្រៅពីក្រុងយេរូសាឡិមទេ
34 ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ