លូកា 16:10-16 KHOV

10 អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ

11 ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់ ចំពោះ​ទ្រព្យ‌សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត ទុក​នឹង​អ្នក​រាល់​គ្នា​បាន

12 ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន

13 គ្មាន​បាវ​ណា​ដែល​បំរើ​ចៅ‌ហ្វាយ​២​បាន​ទេ ពី​ព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើល‌ងាយ​១ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យ‌សម្បត្តិ​ផង​ពុំ​បាន​ដែរ។

14 ឯ​ពួក​ផារី‌ស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ គេ​ក៏​បាន​ស្តាប់​គ្រប់​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ទ្រង់

15 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ

16 មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល