18 អស់អ្នកណាដែលលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលយកស្ត្រីប្ដីលែង នោះក៏ឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតដែរ។
19 មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ
20 ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ
21 គាត់មានប្រាថ្នាចង់ចំអែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ
22 ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់
23 គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ និងឡាសារនៅដើមទ្រូងលោក
24 នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ