លូកា 18:8-14 KHOV

8 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។

9 ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើល‌ងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា

10 មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារី‌ស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ

11 អ្នក​ផារី‌ស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ

12 ទូល‌បង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាលម៉ាន​ដែល​ទូល‌បង្គំ​បាន​ចំណេញ​ផង

13 ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​អ្នក​មាន​បាប​ផង

14 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។