10 តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា
11 ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់
12 ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក
13 នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា
14 សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់
15 កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង
16 គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង