លូកា 2:34-40 KHOV

34 ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង

35 ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹងនាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សំដែង​ចេញ​មក។

36 ហើយ​មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​ផាញូ‌អែល ក្នុង​ពូជ​អំបូរ​អេស៊ើរ គាត់​មាន​ប្ដី​៧​ឆ្នាំ តាំង​តែ​ពី​ក្រមុំ​មក ឥឡូវ​នេះ​គាត់​ចាស់​ណាស់​ហើយ

37 នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន

38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់‌ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូ‌សាឡិម។

39 កាល​បាន​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អម្ចាស់​ហើយ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ឯ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

40 ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។