លូកា 2:38-44 KHOV

38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់‌ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូ‌សាឡិម។

39 កាល​បាន​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អម្ចាស់​ហើយ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ឯ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

40 ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។

41 រីឯ​មាតា‌បិតា​ទ្រង់ តែង​តែ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​វេលា​បុណ្យ​រំលង រាល់​តែ​ឆ្នាំ

42 លុះ​ទ្រង់​មាន​ព្រះ‌ជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទំលាប់​បុណ្យ

43 តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ

44 ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់‌ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា