លូកា 2:40-46 KHOV

40 ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។

41 រីឯ​មាតា‌បិតា​ទ្រង់ តែង​តែ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​វេលា​បុណ្យ​រំលង រាល់​តែ​ឆ្នាំ

42 លុះ​ទ្រង់​មាន​ព្រះ‌ជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទំលាប់​បុណ្យ

43 តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ

44 ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់‌ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា

45 កាល​មិន​ឃើញ នោះ​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

46 លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះ‌វិហារ កំពុង​តែ​ស្តាប់ ហើយ​នឹង​សួរ​គេ