លូកា 20:20-26 KHOV

20 គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សំងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កំឡាំង និង​អំណាច​នៃ​ចៅ‌ហ្វាយ​ខេត្ត

21 អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្ដី​ពិត

22 ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ

23 តែ​ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ

24 ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល​តើ​មាន​រូប និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ

25 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ

26 ខណៈ​នោះ គេ​ចាប់​ព្រះ‌បន្ទូល​ទ្រង់​នៅ​មុខ​ជន​ទាំង‌ឡាយ​មិន​បាន ហើយ​ក៏​ស្ងៀម​នៅ ដោយ​អស្ចារ្យ​ពី​ចម្លើយ​របស់​ទ្រង់។