32 ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង
33 តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី
34 នោះទ្រង់មានព្រះបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។
35 រួចមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់ថា កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅឥតកាបូប ឥតយាម ហើយឥតស្បែកជើង នោះតើមានខ្វះអ្វីឬទេ គេទូលឆ្លើយថា គ្មានខ្វះអ្វីទេ
36 ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ឥឡូវនេះវិញ អ្នកណាដែលមានកាបូប មានយាម នោះត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ក៏ឲ្យអ្នកនោះលក់អាវខ្លួនទៅទិញមួយមក
37 ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីនេះ ដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ ដ្បិតគ្រប់សេចក្ដីដែលដំរូវមកខ្ញុំ ត្រូវតែបានសំរេចទាំងអស់
38 រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានព្រះបន្ទូលថា អើ ល្មមហើយ។