លូកា 23:19-25 KHOV

19 ឯ​បារ៉ា‌បាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ការ​សំឡាប់​គេ

20 បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ

21 ប៉ុន្តែ គេ​ស្រែក​ឡើង​ថា ឲ្យ​ឆ្កាង​វាៗ​ទៅ

22 លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គំរប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ

23 តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សំរែក​របស់​ជន​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ

24 លោក​ពីឡាត់​កាត់​សំរេច​ទោស​តាម​គេ​សូម

25 រួច​លែង​អ្នក​នោះ​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ និង​ការ​សំឡាប់​មនុស្ស ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​តាម​ចិត្ត​គេ​ប្រាថ្នា​វិញ។