លូកា 4:17-23 KHOV

17 គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា

18 «ព្រះ‌វិញ្ញាណ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័ល‌ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្ដី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច

19 ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​កំណត់​ទុក»

20 កាល​ទ្រង់​បាន​បិទ​គម្ពីរ ប្រគល់​ដល់​អ្នក​រក្សា​សាលា​វិញ​ហើយ នោះ​ទ្រង់​ក៏​គង់​ចុះ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាលា គេ​ក៏​សំឡឹង​មើល​ទ្រង់

21 ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ

22 គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះ‌បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​គេ​និយាយ​ថា តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី

23 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ