លូកា 7:29-35 KHOV

29 ឯ​បណ្តា‌ជន និង​ពួក​អ្នក​យក​ពន្ធ​ទាំង​ប៉ុន្មាន ដែល​ស្តាប់​យ៉ូហាន គេ​ក៏​រាប់​ព្រះ​ថា​ជា​សុចរិត ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់

30 តែ​ពួក​ផារី‌ស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះ‌ដំរិះ ដែល​ដំរូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ

31 នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី តើ​គេ​ដូច​ជា​អ្វី

32 គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង​តែ​ឯង​មិន​បាន​យំ​សោះ

33 ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល

34 ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប

35 ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។