លូកា 7:33-39 KHOV

33 ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល

34 ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប

35 ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។

36 មាន​ពួក​ផារី‌ស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់

37 ហើយ​មើល​នៅ​ក្រុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​បាប នាង​បាន​ដឹង​ថា ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​អ្នក​ផារី‌ស៊ី​នោះ ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​មក

38 នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង

39 កាល​ពួក​ផារី‌ស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប