លូកា 8:25-31 KHOV

25 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា»? គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ»។

26 ទ្រង់ និង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលី‌ឡេ

27 កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ

28 កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទំលាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា «ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​នឹង​ទូល‌បង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»

29 ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោច ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់

30 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា «អ្នក​ឈ្មោះ​អី» គាត់​ទូល​ថា ទូល‌បង្គំ​ឈ្មោះ«កង‌ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់

31 អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ