លូកា 8:8-14 KHOV

8 មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​១​ជា​១​រយ​ភាគ» កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​ស្រេច​ហើយ នោះ​ក៏​បន្លឺ​វាចា​ថា «អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ»។

9 ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច

10 ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌‌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សំដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ

11 រីឯ​ពាក្យ​ប្រៀប​ប្រដូច​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​នោះ គឺ​ព្រះ‌បន្ទូល

12 ឯ​ពួក​អ្នក​ដែល​ទទួល​តាម​ផ្លូវ គឺ​ជា​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​មក​ឆក់​យក​ព្រះ‌បន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ

13 ឯ​ពួក​អ្នក​ដែល​ទទួល​នៅ​លើ​ថ្ម គឺ​អស់​អ្នក​ដែល​កាល​ណា​ឮ​ព្រះ‌បន្ទូល​ហើយ នោះ​ក៏​ទទួល​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​សោះ គេ​ជឿ​នៅ​តែ​១​ស្របក់​ប៉ុណ្ណោះ លុះ​កើត​មាន​សេចក្ដី​ល្បួង នោះ​គេ​រសាយ​ចិត្ត​ទៅ​វិញ

14 ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្ដី​ខ្វល់‌ខ្វាយ និង​ទ្រព្យ‌សម្បត្តិ ហើយ​នឹង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ