លូកា 8:9-15 KHOV

9 ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច

10 ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌‌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សំដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ

11 រីឯ​ពាក្យ​ប្រៀប​ប្រដូច​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​នោះ គឺ​ព្រះ‌បន្ទូល

12 ឯ​ពួក​អ្នក​ដែល​ទទួល​តាម​ផ្លូវ គឺ​ជា​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​មក​ឆក់​យក​ព្រះ‌បន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ

13 ឯ​ពួក​អ្នក​ដែល​ទទួល​នៅ​លើ​ថ្ម គឺ​អស់​អ្នក​ដែល​កាល​ណា​ឮ​ព្រះ‌បន្ទូល​ហើយ នោះ​ក៏​ទទួល​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​សោះ គេ​ជឿ​នៅ​តែ​១​ស្របក់​ប៉ុណ្ណោះ លុះ​កើត​មាន​សេចក្ដី​ល្បួង នោះ​គេ​រសាយ​ចិត្ត​ទៅ​វិញ

14 ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្ដី​ខ្វល់‌ខ្វាយ និង​ទ្រព្យ‌សម្បត្តិ ហើយ​នឹង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ

15 តែ​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះ‌បន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្ដី​អត់‌ធន់​វិញ។