លូកា 9:3-9 KHOV

3 ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា កុំ​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ

4 បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ

5 ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ

6 កាល​គេ​ចេញ​ទៅ នោះ​ក៏​ដើរ​ទៅ​សព្វ​ពេញ​អស់​ទាំង​ភូមិ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​មើល​គេ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។

7 ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ទ័យ​អល់‌អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

8 ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ​ដូច្នេះ

9 តែ​ហេរ៉ូឌ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ដូច្នេះ តើ​អ្នក​ណា​ហ្ន៎ ដែល​អញ​ឮ​ថា ធ្វើ​ការ​ប្លែក​ទាំង​ម៉្លេះ​នេះ ហើយ​ក៏​រក​ចង់​ឃើញ​ទ្រង់។