១ ពេត្រុស 1 KHOV

សេចក្ដី​ផ្តើម

1 សំបុត្រ​ពេត្រុស ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ខ្ចាត់​ខ្ចាយ ដែល​សំណាក់​នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូនា

2 ជា​ពួក​អ្នក​រើស​តាំង តាម​បព្វ‌ញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់ ព្រម​ទាំង​បាន​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ប្រោះ​លើ​ខ្លួន សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។

សេចក្ដី​សង្ឃឹម

3 សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ

4 ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក​ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌

5 គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ

6 អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ

7 ដើម្បី​ឲ្យ​ការ​សាកលសេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍‌ឈ្មោះ និង​សិរី‌ល្អ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក

8 ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន

9 ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង

10 ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ

11 ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ

12 តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។

ការ​ទូន្មាន​ឲ្យ​មាន​ជីវិត​ដ៏​វិសុទ្ធ

13 ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង

14 ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ

15 តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ

16 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»

17 ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះ‌វរ‌បិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោត‌ខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ

18 ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ

19 គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម

20 ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ៍​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា

21 ដែល​ដោយ‌សារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរី‌ល្អ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ ហើយ​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។

22 អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្ដី​ពិត សំរាប់​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ

23 ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក‌រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក‌រលួយ​វិញ គឺ​ជា​ព្រះ‌បន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់‌លាប់

24 ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ

25 តែ​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ គឺ​ជា​ព្រះ‌បន្ទូល​នេះ ដែល​បាន​ផ្សាយ​មក​អ្នក​រាល់​គ្នា​ហើយ។

ជំពូក

1 2 3 4 5