១ ពេត្រុស 3 KHOV

ទំនាក់‌ទំនង​រវាង​ស្វាមី និង​ភរិយា

1 ឯ​ពួក​ស្រីៗ ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា ដែល​មិន​ព្រម​ស្តាប់​បង្គាប់ តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន ដោយ‌សារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះ‌បន្ទូល

2 ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត‌ខ្លាច​ដល់​ព្រះ

3 ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សំលៀក‌បំពាក់​ផ្សេងៗ ឡើយ

4 គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក‌រលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រម្យ‌ទម នោះ​ឯង​ជា​សេចក្ដី​ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ

5 ដ្បិត​ពី​ដើម ពួក​ស្រីៗ បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​ដែរ

6 ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ​ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិត‌ភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ

7 ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ។

ទំនាក់‌ទំនង​រវាង​បង​ប្អូន

8 ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត‌អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន និង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព

9 ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ដើម្បី​បាន​ព្រះ‌ពរ​ជា​មរដក

10 ដ្បិត «អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ពី​សេចក្ដី​អាក្រក់​ចេញ ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយ‌កល​ឡើយ

11 ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី‌ភាព

12 ពី​ព្រោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ‌កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។

13 បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា

14 តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ

15 ចូរ​ឲ្យ​តាំង​ព្រះ‌គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត‌ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា

16 ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ

17 ដ្បិត​បើ​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់

18 ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ

19 ហើយ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​នោះ​ឯង ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ

20 គឺ​ក្នុង​ខណៈ​ដែល​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ បាន​រង់‌ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយ‌សារ​ទឹក

21 ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្ដី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះ‌ថ្លា​ចំពោះ​ព្រះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

22 ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។

ជំពូក

1 2 3 4 5