1 ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា
2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ
3 មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ
4 រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។
5 ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ
6 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់
7 ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។
8 ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន
9 ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយ៍នេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ
10 រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច
11 សូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ច ជារៀងរាបតទៅ អាម៉ែន។
12 ខ្ញុំបានសរសេរយ៉ាងខ្លី ផ្ញើមកអ្នករាល់គ្នា ដោយសារអ្នកស៊ីលវ៉ាន
13 ពួកជំនុំនៅក្រុងបាប៊ីឡូន ដែលទ្រង់បានរើសតាំងជាមួយនឹងអ្នករាល់គ្នាដែរ ព្រមទាំងអ្នកម៉ាកុស ជាកូនខ្ញុំផង គេជំរាបសួរមកអ្នករាល់គ្នា
14 សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ។ អាម៉ែន។:៚