6 អ្នករាល់គ្នាក៏មានសេចក្ដីអំណរជាខ្លាំង ក្នុងសេចក្ដីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយជាយូរបន្តិច ដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ
7 ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក
8 ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
9 ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង
10 ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្ដីសង្គ្រោះនោះ
11 ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ
12 តែទ្រង់បានសំដែងឲ្យគេដឹងថា សេចក្ដីទាំងនោះមិនមែនសំរាប់គេទេ គឺសំរាប់យើងរាល់គ្នាវិញ គឺជាសេចក្ដីទាំងប៉ុន្មាន ដែលឥឡូវនេះ ពួកអ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលសេចក្ដីទាំងនោះដែរ។