17 ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។
18 ឱពួកអ្នកបំរើអើយ ចូរចុះចូលចំពោះចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ទោះទាំងចៅហ្វាយដែលកាចក៏ដែរ
19 ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ
20 បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន
21 ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់
22 ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ
23 កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ