១ ពេត្រុស 3:12-18 KHOV

12 ពី​ព្រោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ‌កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។

13 បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា

14 តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ

15 ចូរ​ឲ្យ​តាំង​ព្រះ‌គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត‌ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា

16 ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ

17 ដ្បិត​បើ​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់

18 ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ