1 ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា
2 ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ
3 មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ
4 រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។
5 ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ
6 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់