17 ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។
18 យើងបានស្អប់បណ្តាការនឿយហត់ទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយយើង
19 ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែអ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសំដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ
20 ដោយហេតុនោះយើងបានវិលមកបណ្តាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ
21 ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយដំរិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង
22 ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ និងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ
23 ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសំរាកដែរ នេះជាការឥតមានទំនងដែរ។