1 មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ
2 មានពេលសំរាប់កើតមក និងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
3 មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង
4 មានពេលយំ និងពេលសើច មានពេលសំរាប់សោយសោក និងពេលសំរាប់លោតកញ្ឆេង
5 មានពេលសំរាប់បោះថ្មចោល និងពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
6 មានពេលសំរាប់ស្វែងរក ហើយពេលសំរាប់បាត់បង់ទៅ មានពេលសំរាប់រក្សាទុក ហើយពេលសំរាប់បោះបង់ចោល
7 មានពេលសំរាប់ហែកចោល ហើយពេលសំរាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ
8 មានពេលសំរាប់ស្រឡាញ់ ហើយពេលសំរាប់ស្អប់ មានពេលសំរាប់ចំបាំង ហើយពេលសំរាប់សេចក្ដីសុខ
9 តើមនុស្សមានផលប្រយោជន៍អ្វីពីការដែលគេខំធ្វើ
10 យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ
11 ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ទ្រង់ក៏ធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ
12 យើងដឹងហើយ ថាគ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ
13 ហើយការដែលគ្រប់មនុស្សបានស៊ី ហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះទេ
14 យើងក៏ដឹងដែរ ថាការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប នឹងបន្ថែមអ្វីចូល ឬដកអ្វីចេញមិនបានឡើយ ១ទៀតព្រះទ្រង់ធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចនៅចំពោះទ្រង់
15 អ្វីៗដែលមាននៅ នោះបានមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលត្រូវមានខាងមុខទៀត នោះក៏បានមានជាយូរមកហើយដែរ ព្រះទ្រង់ស្វែងរកអ្វីៗ ដែលកន្លងបាត់ហើយឲ្យបានមកវិញ។
16 ១សោតទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យ នោះមានសេចក្ដីទុច្ចរិត ហើយនៅកន្លែងនៃសេចក្ដីសុចរិត នោះមានសេចក្ដីអយុត្តិធម៌វិញ
17 យើងក៏នឹកក្នុងចិត្តថា ព្រះទ្រង់ជំនុំជំរះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសំរាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងបណ្តាការទាំងពួងផង
18 យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះទ្រង់ចង់ល្បងលនឹងគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ
19 ពីព្រោះការដែលកើតដល់មនុស្សជាតិ នោះក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំង២ពួក ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ
20 គ្រប់ទាំងអស់ទៅឯកន្លែងតែ១ប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀត
21 តើមានអ្នកណាដឹងបានថា វិញ្ញាណនៃមនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ
22 ដូច្នេះ យើងបានយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងឲ្យគេមានចិត្តរីករាយ ក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ ពីព្រោះតើអ្នកណានឹងនាំមនុស្សមកវិញ ដើម្បីមើលការដែលនឹងកើតមកក្រោយគេបាន។