សាស្តា 10 KHOV

1 រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង​ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចំកួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​ដូច្នោះ​ដែរ

2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​នៅ​ខាង​ដៃ​ស្តាំ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​នៅ​ខាង​ដៃ​ឆ្វេង​វិញ

3 អើ នេះ​១​ទៀត កាល​ណា​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ នោះ​ប្រាជ្ញា​លះ‌បង់​ចោល​វា​បាត់ ហើយ​វា​ប្រាប់​ដល់​គ្រប់​គ្នា​ថា​ជា​មនុស្ស​ល្ងី‌ល្ងើ​ទេ

4 បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។

5 មាន​ការ​អាក្រក់​១ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ មើល​ទៅ​ដូច​ជា​ការ​កំហុស​ដែល​កើត​ជីវិត​ពី​អ្នក​គ្រប់‌គ្រង​ដែរ

6 គឺ​ថា ពួក​ល្ងី‌ល្ងើ​បាន​តាំង​ឡើង​នៅ​ទី​ខ្ពស់ តែ​ពួក​ដែល​មាន​ត្រកូល​ខ្ពស់ គេ​អង្គុយ​នៅ​កន្លែង​ទាប​ថោក​វិញ

7 យើង​បាន​ឃើញ​បាវ​បំរើ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​បាវ​វិញ។

8 អ្នក​ណា​ដែល​ជីក​រណ្តៅ នោះ​នឹង​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទំលុះ​កំផែង​គេ នោះ​សត្វ​ពស់​នឹង​ចឹក​ខ្លួន

9 អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នោះ​នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស នោះ​ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង

10 បើ​ដែក​រិល​ហើយ ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កំឡាំង​លើស​ជាង​ទៅ​ទៀត ឯ​ប្រាជ្ញា​មាន​ប្រយោជន៍​នឹង​ដំរង់​ការ

11 បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដោយ​គ្រូ​អាយ‌លម្ពាយ។

12 ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ

13 កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សំដី​វា​ជា​សេចក្ដី​ចំកួត​យ៉ាង​សហ័ស

14 មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន

15 ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា ពី​ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។

16 ឱ​ស្រុក​អើយ វរ‌ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិភោគ​ធំ​ពី​ព្រលឹម

17 មាន​ពរ​ហើយ ឱ​ស្រុក​អើយ កាល​ណា​ស្តេច​ឯង​ជា​ពូជ‌ពង្ស​មាន​ត្រកូល​ខ្ពស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិភោគ​តាម​ត្រូវ​ពេល​វិញ ដើម្បី​ឲ្យ​តែ​បាន​កំឡាំង មិន​មែន​ឲ្យ​បាន​ស្រវឹង​ទេ

18 ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់ ដោយ​ព្រោះ​តែ​សេចក្ដី​ខ្ជិល​ច្រអូស​ទេ ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ

19 មនុស្ស​តែង​ជប់‌លៀង ដើម្បី​ឲ្យ​បាន​សើច​សប្បាយ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ចិត្ត​ឲ្យ​រីក‌រាយ តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សំរេច​ទាំង​អស់​បាន

20 កុំ​ឲ្យ​ជេរ​ប្រមាថ​ដល់​ស្តេច​ឡើយ សូម្បី​តែ​នៅ​ក្នុង​គំនិត​ឯង​ក៏​កុំ​ដែរ ហើយ​កុំ​ឲ្យ​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​មាន ទោះ​ទាំង​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​ផង ខ្លាច​ក្រែង​សត្វ​ហើរ​លើ​អាកាស​នាំ​យក​សំឡេង​នោះ​ទៅ ហើយ​សត្វ​ដែល​មាន​ស្លាប​វា​ថ្លែង​ប្រាប់​តាម​រឿង​នោះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12