1 ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង មុនដែលអស់ទាំងថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា អញអស់សប្បាយហើយ
2 គឺមុនដែលថ្ងៃ ពន្លឺ ខែ និងផ្កាយទាំងប៉ុន្មានទៅជាងងឹត ហើយពពកវិលមកក្រោយដែលភ្លៀង
3 នៅថ្ងៃដែលពួកអ្នកចាំផ្ទះត្រូវញាប់ញ័រ ពួកមនុស្សខ្លាំងពូកែត្រូវឱនខ្លួនចុះ ពួកស្រីដែលកិនស្រូវត្រូវឈប់ ដោយព្រោះមានគ្នាតិចពេក ពួកអ្នកដែលមើលតាមបង្អួចត្រូវងងឹតទៅ
4 ហើយទ្វារដែលបើកទៅឯថ្នល់ត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន កាលគេស្ទុះក្រោកឡើង ដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងពួកស្រីៗដែលធ្លាប់ច្រៀងត្រូវទាបថោកវិញ
5 អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ សេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ
6 គឺមុនដែលខ្សែប្រាក់ដាច់ ចានមាសបែក ក្អមបែកនៅឯក្បាលទឹក ឬរហាត់ទឹកនៅអណ្តូងខូចទៅ
7 ហើយធូលីត្រឡប់ជាដីដូចដើមវិញ និងវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ
8 «ការឥតប្រយោជន៍ទទេៗ» នេះហើយជាពាក្យដែលគ្រូប្រដៅពោលទុកថា គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។
9 ហើយ១ទៀត ដោយព្រោះគ្រូប្រដៅមានប្រាជ្ញាបានជាលោកបង្រៀនប្រជាជន ឲ្យមានដំរិះទៅទៀត អើលោកបានរំពឹងគិត ព្រមទាំងស្វែងរក ហើយតែងពាក្យសុភាសិតជាច្រើនតាមរបៀបគ្រូប្រដៅ
10 លោកបានស្វែងរកពាក្យពីរោះ និងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ពិតទាំងអស់។
11 ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ
12 ១ទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន នោះមិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន នោះរមែងនាំឲ្យអផ្សុកដល់រូបសាច់។
13 សេចក្ដីនេះចប់តែប៉ុណ្ណេះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ
14 ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚