សាស្តា 6 KHOV

1 មាន​ការ​អាក្រក់​១​ទៀត ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក‌ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ

2 គឺ​មាន​មនុស្ស​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ហើយ​កិត្តិយស ដល់​ម៉្លេះ​បាន​ជា​គេ​មិន​ខ្វះ‌ខាត​អ្វី ក្នុង​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​ឡើយ តែ​ព្រះ​ទ្រង់​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​នឹង​បរិភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ផង

3 បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ

4 ដ្បិត​វា​កើត​មក​ជា​ឥត​ប្រយោជន៍ ហើយ​ក៏​បាត់​ទៅ​ក្នុង​សេចក្ដី​ងងឹត ឯ​ឈ្មោះ​ក៏​គ្រប​បាំង​ដោយ​ងងឹត​ដែរ

5 ១​ទៀត​វា​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ ឬ​ដឹង​អ្វី​សោះ នេះ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ជាង​អ្នក​១​នោះ

6 អើ ទោះ​បើ​អ្នក​នោះ​រស់​នៅ​១​ពាន់​ឆ្នាំ ឬ​ថា​ទ្វេ​ជា​២​ផង តែ​ឥត​ដែល​មាន​សេចក្ដី​ល្អ​សោះ នោះ​គង់​តែ​ទាំង​អស់​នឹង​ចុះ​ទៅ​ឯ​កន្លែង​តែ​១​ដែរ​ទេ​តើ។

7 អស់​ទាំង​កិច្ច‌ការ​របស់​មនុស្ស នោះ​សុទ្ធ​តែ​សំរាប់​មាត់​ខ្លួន​ទេ បើ​ទុក​ជា​ដូច្នោះ គង់​តែ​មិន​ចេះ​ឆ្អែត​ផង

8 ដ្បិត​ឯ​មនុស្ស​មាន​ប្រាជ្ញា តើ​មាន​អ្វី​លើស​ជាង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​ណា ឬ​មនុស្ស​ទាល់​ក្រ តើ​មាន​អ្វី​លើស​ជាង​គេ​បាន​ជា​អាច​ដើរ​នៅ​ចំពោះ​មនុស្ស​មាន​ជីវិត​រស់​ដូច្នេះ

9 ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក នោះ​វិសេស​ជាង​មាន​ចិត្ត​ប៉ង​សាវា​វិញ នេះ​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​អសារ​ឥត​ការ​ដែរ។

10 របស់​អ្វីៗ​ដែល​មាន​ស្រាប់ នោះ​បាន​មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មាន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​នឹង​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ

11 មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចំរើន​កើន​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ

12 ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ ដ្បិត​តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12