សាស្តា 9 KHOV

1 អើ គ្រប់​សេចក្ដី​ទាំង​នេះ យើង​បាន​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ នោះ​ឃើញ​ថា មនុស្ស​សុចរិត និង​មនុស្ស​ប្រាជ្ញ ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​នៃ​ព្រះ ទោះ​បើ​ការ​នោះ​មក ដោយ​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​សំអប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែ​ទាំង​អស់​ក៏​ច្បាស់​នៅ​ចំពោះ​មុខ​គេ

2 គ្រប់​ទាំង​អស់​កើត​ដល់​មនុស្ស​ទាំង​អស់​ដូច​គ្នា មាន​ការ​តែ​១​មុខ​កើត​ដល់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ មនុស្ស​ស្អាត និង​មនុស្ស​ដែល​មិន​ស្អាត ហើយ​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា និង​មនុស្ស​ដែល​មិន​ថ្វាយ​ផង គឺ​មនុស្ស​ល្អ​យ៉ាង​ណា មនុស្ស​មាន​បាប​ក៏​យ៉ាង​នោះ​ដែរ ហើយ​អ្នក​ណា​ដែល​ហ៊ាន​ផ្តាសា​ដល់​ខ្លួន ក៏​ដូច​ជា​អ្នក​ដែល​ខ្លាច​ពាក្យ​ផ្តាសា​ដែរ

3 នេះ​ជា​ការ​អាក្រក់​១​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចំកួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់

4 ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ពី​ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ

5 ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ

6 ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ និង​សេចក្ដី​ឈ្នានីស​របស់​គេ​ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។

7 ដូច្នេះ ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ

8 ចូរ​ឲ្យ​សំលៀក‌បំពាក់​របស់​ឯង​បាន​ស​នៅ​ជានិច្ច ហើយ​កុំ​ឲ្យ​ខាន​មាន​ប្រេង នៅ​លើ​ក្បាល​ឯង​ដែរ

9 ចូរ​រស់​នៅ​ដោយ​អំណរ ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប​ពេល ដែល​ឯង​រស់​នៅ ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​នេះ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​អាយុ​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង

10 ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ។

11 យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សំរេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំបាំង​ក៏​មិន​សំរេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ ឯ​នំបុ័ង មិន​សំរេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ

12 ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​១​រំពេច​ដែរ។

13 យើង​ក៏​ឃើញ​ប្រាជ្ញា​បែប​យ៉ាង​នេះ​ទៀត​នៅ​ក្រោម​ថ្ងៃ ហើយ​ប្រាជ្ញា​នោះ​ក៏​មើល​ទៅ ដូច​ជា​ធំ​ប្រសើរ​ដល់​យើង​ដែរ

14 គឺ​មាន​ទី​ក្រុង​១​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​១​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ​ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ

15 រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ

16 នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែ​គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ

17 ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ

18 ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចំបាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់​រមែង​បំផ្លាញ​ការ​ល្អ​ទៅ​ជា​ច្រើន​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12