19 ចំណែកសូល និងអ្នកទាំង៣នោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន
20 ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចំបាំង ទាំងស្រែកសំរែកសង្គ្រាម
21 ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ
22 ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជំរាបសួរដល់ពួកបង
23 គ្រាដែលកំពុងតែនិយាយនឹងពួកបង នោះមើល ទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ ពីក្រុងកាថ ឈ្មោះកូលីយ៉ាត ក៏ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ
24 កាលពួកអ៊ីស្រាអែលទាំងប៉ុន្មាន បានឃើញអ្នកនោះ គេក៏រត់ពីវាទៅ ដោយភ័យខ្លាចជាខ្លាំង
25 រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសំឡាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណី ដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ