១ សាំយូអែល 11 KHOV

ស្តេច​សូល​វាយ​ឈ្នះ​សាសន៍​អាំម៉ូន

1 សម័យ​នោះ ណា‌ហាស ជា​សាសន៍​អាំម៉ូន ក៏​ឡើង​មក​បោះ​ទ័ព​ទាស់​នឹង​ក្រុង​យ៉ាបេស-កាឡាត ឯ​ពួក​មនុស្ស​នៅ​យ៉ាបេស​ទាំង​ប៉ុន្មាន គេ​និយាយ​នឹង​ណា‌ហាស​ថា ដូច្នេះ សូម​ឲ្យ​តាំង​សេចក្តី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​ចំណុះ​ចំពោះ​លោក

2 តែ​ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា លុះ​ត្រា​តែ​ឲ្យ​អញ​ចាក់​ភ្នែក​ខាង​ស្តាំ​របស់​ឯង​រាល់​គ្នា​ឲ្យ​ខ្វាក់ នោះ​ទើប​អញ​នឹង​ព្រម​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​យក​ការ​នោះ​ទុក​សំរាប់​ជា​សេចក្តី​ដំនៀល​ដល់​សាសន៍​អ៊ីស្រា‌អែល

3 នោះ​ពួក​ចាស់‌ទុំ​នៅ​ក្រុង​យ៉ាបេស​ក៏​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​៧​ថ្ងៃ​សិន ដើម្បី​នឹង​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រា‌អែល រួច​បើ​គ្មាន​អ្នក​ណា​នឹង​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក

4 ដូច្នេះ ពួក​អ្នក​ទាំង​នោះ ក៏​មក​ថ្លែង​ប្រាប់​ដល់​បណ្តា​មនុស្ស នៅ​ត្រង់​គីបៀរ ជា​ស្រុក​របស់​សូល ឲ្យ​ស្តាប់ នោះ​គេ​ឡើង​សំឡេង​យំ​គ្រប់​គ្នា

5 ខណៈ​នោះ សូល​កំពុង​តែ​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា តើ​មាន​កើត​ហេតុ​ភេទ​អ្វី បាន​ជា​យំ​ដូច្នេះ នោះ​គេ​ជំរាប​លោក​តាម​ពាក្យ​នៃ​ពួក​មនុស្ស​នៅ​យ៉ាបេស​សព្វ​គ្រប់។

6 កាល​លោក​បាន​ឮ​ហើយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​លោក បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្តី​កំហឹង​របស់​លោក​ក៏​ឆួល‌ឆេះ​ឡើង

7 លោក​យក​គោ​១​នឹម​មក​កាប់​ជា​កង់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រា‌អែល ដោយ‌សារ​ពួក​អ្នក​ទាំង​នោះ ដោយ​ពាក្យ​ថា អ្នក​ណា​ដែល​មិន​ចេញ​មក​តាម​សូល ហើយ​នឹង​សាំយូ‌អែល​នោះ​នឹង​ត្រូវ​ធ្វើ​ដូច្នេះ ដល់​គោ​របស់​អ្នក​នោះ​ដែរ ដូច្នេះ សេចក្តី​ស្ញែង‌ខ្លាច​ពី​ព្រះ‌យេហូវ៉ា ក៏​ធ្លាក់​មក​លើ​ពួក​ជន​គ្រប់​គ្នា ហើយ​គេ​ស្រុះ​ចិត្ត​គ្នា​ចេញ​មក ដូច​ជា​មនុស្ស​តែ​ម្នាក់

8 ឯ​សូល​លោក​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចំនួន​៣​សែន​នាក់ ហើយ​ពួក​យូដា​៣​ម៉ឺន​នាក់

9 រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ាបេស-កាឡាត​ថា ថ្ងៃ​ស្អែក​នេះ​ដល់​ថ្ងៃ​ពេញ​កំដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ហើយ ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា​មនុស្ស​ដែល​នៅ​យ៉ាបេស ហើយ​គេ​កើត​មាន​សេចក្តី​អំណរ​ឡើង​ជា​ខ្លាំង

10 ដូច្នេះ ពួក​មនុស្ស​នៅ​យ៉ាបេស គេ​ប្រាប់​ដល់​ពួក​សាសន៍​អាំម៉ូន​ថា ថ្ងៃ​ស្អែក​នេះ យើង​ខ្ញុំ​នឹង​ចេញ​មក​ឯ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​តែ​ចិត្ត​ចុះ

11 លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង សូល​លោក​រៀប​ពល​ទ័ព​ជា​៣​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ ដរាប​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដល់​ម៉្លេះ​បាន​ជា​គ្មាន​២​នាក់​នៅ​ជា​មួយ​គ្នា​ឡើយ។

12 ស្រេច​ហើយ បណ្តា‌ជន​គេ​ជំរាប​ដល់​សាំយូ‌អែល​ថា អ្នក​ណា​ដែល​ថា តើ​ត្រូវ​ឲ្យ​សូល​សោយ‌រាជ្យ​លើ​យើង​ឬ​អី ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សំឡាប់​ចោល​ចេញ

13 តែ​សូល​ប្រកែក​ថា នៅ​ថ្ងៃ​នេះ មិន​ត្រូវ​ឲ្យ​សំឡាប់​អ្នក​ណា​ទេ ដ្បិត​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​សេចក្តី​សង្គ្រោះ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល។

14 នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ឯ​គីល‌កាល ដើម្បី​នឹង​តាំង​នគរ​ឡើង​ជា​ថ្មី​ទៀត

15 ដូច្នេះ គេ​ក៏​ទៅ​ឯ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​សេចក្តី​អំណរ​អរ​សប្បាយ​ឡើង​ជា​ខ្លាំង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31