១ សាំយូអែល 14 KHOV

យ៉ូណា‌ថាន​មាន​ជ័យ‌ជំនះ​លើ​ពួក​ភីលីស្ទីន

1 ថ្ងៃ​១​យ៉ូណា‌ថាន ជា​បុត្រា​សូល ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន ដែល​នៅ​ខាង​នាយ​នោះ តែ​លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ

2 ឯ​សូល ទ្រង់​នៅ​ត្រង់​ចុង​ក្រុង​គីបៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីករ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា​មួយ ប្រហែល​ជា​៦០០​នាក់​ផង

3 ព្រម​ទាំង​អ័ហ៊ីយ៉ា ជា​កូន​អ័ហ៊ី‌ទូប បង​អ៊ីកាបូឌ ដែល​ជា​កូន​ភីនេ‌ហាសៗ ជា​កូន​អេលី​ដ៏​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ

4 រីឯ​នៅ​កណ្តាល​ច្រក​ភ្នំ ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ ១​ឈ្មោះ​បូសេស ហើយ​១​ទៀត​ឈ្មោះ​សេនេ

5 មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​១​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។

6 យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ

7 ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា សូម​សំរេច​តាម​តែ​លោក​ចុះ ចង់​បែរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ចិត្ត មើល ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ស្រាប់

8 ដូច្នេះ យ៉ូណា‌ថាន​ប្រាប់​ថា មើល យើង​នឹង​ឆ្លង​ទៅ​ឯ​មនុស្ស​ទាំង​នោះ រួច​សំដែង​ខ្លួន​យើង​ឲ្យ​គេ​ឃើញ

9 បើ​គេ​និយាយ​នឹង​យើង​ដូច្នេះ​ថា ចូរ​ចាំ​យើង​ចុះ​មក​ឯ​ឯង​សិន នោះ​យើង​នឹង​ឈរ​រង់​នៅ​ឥត​ឡើង​ទៅ​ឯ​គេ​ឡើយ

10 តែ​បើ​គេ​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ នោះ​យើង​នឹង​ឡើង​ទៅ ដ្បិត​ច្បាស់​ជា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ នេះ​ឯង​នឹង​បាន​ជា​ទី​សំគាល់​ដល់​យើង

11 ដូច្នេះ​អ្នក​ទាំង​២​ក៏​សំដែង​ខ្លួន ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលីស្ទីន​ឃើញ រួច​គេ​និយាយ​ថា មើល ពួក​ហេ‌ព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នៅ​នោះ​ហើយ

12 គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឯង​ឡើង​មក​តាម​ក្រោយ​អញ​មក ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ

13 រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ ឯ​ពួក​នោះ​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សំឡាប់​គេ​ជា​ក្រោយ

14 រីឯ​ក្នុង​កាល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សំឡាប់​គេ​ជា​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​២០​នាក់ នៅ​លើ​ដី​ចំនួន​១​ងារ

15 នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្តី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃលែង។

16 ឯ​ពួក​យាម‌ល្បាត​ខាង​សូល ដែល​នៅ​ក្រុង​គីបៀរ​ក្នុង​ស្រុក​បេន‌យ៉ា‌មីន គេ​ក៏​មើល​ទៅ​ឃើញ​បណ្តា​ពល​បែក‌ខ្ញែក​ពី​គ្នា​ខ្ចាត់​ខ្ចាយ ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ

17 ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក ដែល​នៅ​ជា​មួយ​ថា ចូរ​រាប់​មើល តើ​អ្នក​ណា​ដែល​បាន​ចេញ​ពី​យើង​ទៅ​នោះ កាល​គេ​បាន​រាប់​ទៅ នោះ​ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ផង

18 នោះ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ័ហ៊ីយ៉ា​ថា ចូរ​យក​ហឹប​នៃ​ព្រះ​មក​ឯ​ណេះ (ដ្បិត​នៅ​វេលា​នោះ ហឹប​នៃ​ព្រះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ទ័ព​អ៊ីស្រា‌អែល)

19 កាល​សូល​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​សង្ឃ​នៅ​ឡើយ នោះ​សូរ​អឺង‌កង​ដែល​ឮ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើង ដូច្នេះ សូល​ប្រាប់​ដល់​សង្ឃ​ថា ចូរ​ដក​ដៃ​មក​វិញ

20 រួច​ទ្រង់​នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​ឯ​ទី​ចំបាំង ហើយ​ឃើញ​មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សំបើម ដោយ​កំពុង​តែ​កាប់​ចាក់​គ្នា​គេ

21 រីឯ​ពួក​ហេ‌ព្រើរ​ដែល​នៅ​ជា​មួយ​នឹង​ពួក​ភីលីស្ទីន ហើយ​បាន​ឡើង​មក​ក្នុង​ពួក​ទ័ព​ជា​មួយ​នឹង​គេ នោះ​ក៏​បែរ​មក​ខាង​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ជា​មួយ​នឹង​សូល ហើយ​នឹង​យ៉ូណា‌ថាន​វិញ

22 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​ពួន​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​បាន​ឮ​ថា ពួក​ភីលីស្ទីន​រត់​ដូច្នោះ នោះ​គេ​ក៏​ដេញ​តាម​ច្បាំង​យ៉ាង​ប្រកិត​ដែរ

23 ដូច្នេះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង ហើយ​ចំបាំង​ច្បាំង​គ្នា​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អាវេន​វិញ។

ទាហាន​អ៊ីស្រា‌អែល​ជួយ​យ៉ូណា‌ថាន​ឲ្យ​រួច​ជីវិត

24 នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​វេទនា​ណាស់ ដ្បិត​សូល​ទ្រង់​បាន​ឲ្យ​គេ​ស្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​អញ​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្តាសា ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិភោគ​អ្វី​ឡើយ

25 គេ​ក៏​បាន​ដល់​ទៅ​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី

26 ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ពី​ព្រោះ​គេ​ខ្លាច​ពាក្យ​សម្បថ​នោះ

27 តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សម្បថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង

28 នោះ​មាន​ម្នាក់​ជំរាប​ថា បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្តាសា រីឯ​ពួក​បណ្តា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់

29 ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា បិតា​អញ​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល អញ​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ

30 ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលីស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត។

31 នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​វាយ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស រហូត​ដល់​អាយ៉ា‌ឡូន ហើយ​ពួក​បណ្តា‌ទ័ព​គេ​ល្វើយ​ខ្លាំង​ណាស់

32 ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សំឡាប់​នៅ​លើ​ដី ហើយ​បរិភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង

33 ខណៈ​នោះ មាន​គេ​ទូល​ដល់​សូល​ថា មើល ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​១​យ៉ាង​ធំ មក​ឯ​អញ​ឥឡូវ

34 រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​ក្នុង​ពួក​ទ័ព​ប្រាប់​គេ​ឲ្យ​ដឹក‌នាំ​យក​គោ និង​ចៀម​មក​ឯ​អញ ដើម្បី​នឹង​សំឡាប់​បរិភោគ​នៅ​ទី​នេះ​វិញ កុំ​ឲ្យ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ដូច្នេះ​ឡើយ ដូច្នេះ នៅ​យប់​នោះ គ្រប់​គ្នា​ក៏​ដឹក‌នាំ​គោ​របស់​ខ្លួន​ទៅ​សំឡាប់​នៅ​ទី​នោះ

35 ឯ​សូល​ទ្រង់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ឯង​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។

36 លំដាប់​នោះ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលីស្ទីន ដើម្បី​នឹង​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ គេ​ទទួល​ថា សូម​ទ្រង់​សំរេច តាម​ដែល​យល់​ថា​ស្រួល​ចុះ នោះ​សង្ឃ​មាន​វាចា​ថា ចូរ​យើង​រាល់​គ្នា​មូល​មក​ឯ​ព្រះ​នៅ​ទី​នេះ​សិន

37 សូល​ទ្រង់​ក៏​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចុះ​ទៅ​តាម​ពួក​ភីលីស្ទីន​ឬ​អី តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ពួក​អ៊ីស្រា‌អែល​ឬ​ទេ តែ​នៅ​ថ្ងៃ​នោះ ព្រះ​ទ្រង់​មិន​បាន​ឆ្លើយ​តប​មក​សោះ

38 ដូច្នេះ សូល​ទ្រង់​ប្រាប់​ថា ចូរ​មក​ឯ​ណេះ ពួក​អ្នក​ដែល​ជា​មេ​លើ​រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ

39 ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន ជា​កូន​យើង​ក៏​ដោយ​គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​១​ឆ្លើយ​ឡើង​សោះ

40 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ៊ីស្រា‌អែល​ថា ចូរ​ឯង​រាល់​គ្នា​នៅ​ជា​ម្ខាង ហើយ​យើង និង​យ៉ូណា‌ថាន ជា​កូន​យើង នឹង​នៅ​ជា​ម្ខាង ពួក​ពល​ទ័ព​ទូល​ឆ្លើយ​ថា សូម​ទ្រង់​សំរេច​តាម​ព្រះ‌ទ័យ​ចុះ

41 ដូច្នោះ សូល​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ឲ្យ​យើង​ខ្ញុំ​ដឹង​ការ​ខុស​ត្រូវ​នេះ នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​យ៉ូណា‌ថាន ហើយ​នឹង​សូល តែ​ឯ​ពួក​បណ្តា​ទ័ព​គេ​រួច​ខ្លួន​វិញ

42 រួច​សូល​ទ្រង់​ប្រាប់​ថា ដូច្នេះ ចូរ​ចាប់​ឆ្នោត​ឲ្យ​យើង ហើយ​នឹង​យ៉ូណា‌ថាន ជា​កូន​យើង​ទៀត នោះ​ឆ្នោត​ក៏​ត្រូវ​លើ​រូប​យ៉ូណា‌ថាន។

43 លំដាប់​នោះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូណា‌ថាន​ថា ចូរ​ប្រាប់​ដល់​អញ តើ​ឯង​បាន​ធ្វើ​អ្វី យ៉ូណា‌ថាន​ទូល​ថា ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល ទូល‌បង្គំ​ត្រូវ​ស្លាប់​ដែរ​ហ្ន៎

44 សូល​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ូណា‌ថាន​អើយ បើ​ឯង​មិន​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ដល់​អញ​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង

45 តែ​ពួក​បណ្តា​ទ័ព​ទូល​សួរ​ដល់​សូល​ថា ឯ​យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្តី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ​អី មិន​ត្រូវ​ឲ្យ​បាន​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ផង ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ទេ​តើ ដូច្នេះ ពួក​បណ្តា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ

46 នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​ភីលីស្ទីន គេ​វិល​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។

ជ័យ‌ជំនះ​របស់​ស្តេច​សូល និង​រាជ‌វង្ស

47 រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន និង​សាសន៍​អេដំម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប

48 ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ា‌លេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។

49 រីឯ​បុត្រា​របស់​សូល នោះ​គឺ​យ៉ូណា‌ថាន​១ យីសវី​១ និង​ម៉ាលគី-ស៊ូអា​១ ឯ​បុត្រី​ទាំង​២​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ជា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ជា​មីកាល

50 ឯ​ជាយា​របស់​ទ្រង់​ព្រះ‌នាម​ជា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ទ្រង់​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល

51 ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័ប៊ី‌នើរ នោះ​ទាំង​២​នាក់​ជា​កូន​អ័បៀល។

52 នៅ​អស់​១​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចំបាំង​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​សូល​ទ្រង់​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន នោះ​ទ្រង់​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ទ្រង់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31