1 រីឯហឹបនៃព្រះយេហូវ៉ា បានស្ថិតនៅស្រុកភីលីស្ទីនអស់៧ខែ
2 ឯពួកភីលីស្ទីន គេហៅពួកសង្ឃ និងពួកគ្រូទាយមកសួរថា តើត្រូវឲ្យយើងធ្វើដូចម្តេចចំពោះហឹបនៃព្រះយេហូវ៉ានេះ ចូរបង្ហាញឲ្យយើងដឹងជាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងផ្ញើទៅឯកន្លែងដើមវិញ
3 គេឆ្លើយថា បើអ្នករាល់គ្នាផ្ញើហឹបនៃព្រះ របស់សាសន៍អ៊ីស្រាអែលទៅវិញ នោះកុំឲ្យផ្ញើទៅដោយទទេឡើយ គឺត្រូវផ្ញើដង្វាយដោយព្រោះការរំលង ទៅឯព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាហើយ ក៏នឹងដឹងជាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ា នៅជាប់នឹងអ្នករាល់គ្នាដូច្នេះដែរ
4 គេក៏សួរថា តើដង្វាយយ៉ាងណា ដែលយើងត្រូវផ្ញើទៅថ្វាយទ្រង់នោះ ពួកនោះប្រាប់ថា គឺរូបឫសដូងបាត៥ ធ្វើពីមាស និងកណ្តុរមាស៥ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្តីវេទនាតែ១
5 ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាធ្វើជារូបឫសដូងបាត និងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាទ្រង់នឹងសំរាលព្រះហស្តចេញពីអ្នករាល់គ្នា និងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង
6 ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ និងផារ៉ោនដូច្នេះ កាលក្រោយដែលទ្រង់បានធ្វើការអស្ចារ្យក្នុងពួកគេ នោះតើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬអី
7 ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ
8 នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ
9 ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្តីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10 គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11 ហើយយកហឹបនៃព្រះយេហូវ៉ា មកដាក់លើរទេះ ព្រមទាំងប្រអប់ ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12 រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
13 គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ
14 រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាដង្វាយដុតដល់ព្រះយេហូវ៉ា
15 ពួកលេវីគេយកហឹបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានគ្រឿងមាសទាំងប៉ុន្មាន ចុះមកដាក់លើថ្មធំនោះ រួចពួកបេត-សេមែសក៏ថ្វាយដង្វាយដុត និងយញ្ញបូជាដល់ព្រះយេហូវ៉ានៅថ្ងៃនោះឯង
16 កាលពួកមេនៃសាសន៍ភីលីស្ទីនទាំង៥នាក់បានឃើញហើយ នោះគេនាំគ្នាត្រឡប់ទៅឯក្រុងអេក្រុនវិញ នៅថ្ងៃនោះដែរ។
17 ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយដោយព្រោះការរំលង នោះគឺ១ពីក្រុងអាសដូឌ ១ពីក្រុងកាសា ១ពីក្រុងអាសកាឡូន ១ពីក្រុងកាថ ហើយ១ពីក្រុងអេក្រុន
18 ក៏មានរូបកណ្តុរមាស តាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីនដែលជារបស់ផងមេទាំង៥នាក់នោះដែរ គឺទាំងក្រុងមានកំផែង និងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហឹបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។
19 ព្រះយេហូវ៉ាទ្រង់ប្រហារពួកបេត-សេមែសដែរ ពីព្រោះគេបានបើកមើលទៅក្នុងហឹបនៃព្រះយេហូវ៉ា ទ្រង់ប្រហារជីវិតគេអស់៧០នាក់ ក្នុង៥ម៉ឺននាក់ នោះគេក៏យំសោក ដោយព្រោះព្រះយេហូវ៉ាបានវាយសំឡាប់គេអស់ជាច្រើនដូច្នេះ
20 ពួកបេត-សេមែសនិយាយឡើងថា តើមានអ្នកឯណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន តើទ្រង់ត្រូវចេញពីយើងខ្ញុំឡើងទៅឯអ្នកណាវិញ
21 រួចគេចាត់មនុស្ស ឲ្យទៅឯពួកគារយ៉ាត់-យារីមប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះសូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ។