1 គ្រានោះ មានគេមកជំរាបដាវីឌថា ឥឡូវពួកភីលីស្ទីន គេមកច្បាំងនឹងក្រុងកៃឡា គេកំពុងតែប្លន់យកស្រូវពីលានទាំងប៉ុន្មានហើយ
2 ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរទៅវាយពួកភីលីស្ទីន ហើយជួយសង្គ្រោះពួកកៃឡាចុះ
3 តែពួកមនុស្សរបស់ដាវីឌ គេនិយាយឡើងថា មើល នៅក្នុងស្រុកយូដានេះ យើងមានសេចក្តីភ័យខ្លាចទៅហើយ ចំណង់បើយើងទៅដល់កៃឡា ទាស់នឹងពួកពលទ័ពនៃសាសន៍ភីលីស្ទីន នោះតើនឹងភ័យជាជាងអម្បាលម៉ានទៅទៀត
4 ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយទ្រង់មានព្រះបន្ទូលឆ្លើយថា ចូររៀបចំចុះទៅឯកៃឡាចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្តាប់ដៃឯងហើយ
5 នោះដាវីឌ និងពួកលោក ក៏ទៅឯកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារសំឡាប់គេយ៉ាងសំបើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា
6 រីឯកាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌ១ ជាប់ទៅជាមួយដែរ។
7 មានគេទូលដល់សូលថា ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ ដូច្នេះ សូលមានព្រះបន្ទូលថា ព្រះទ្រង់បានប្រគល់វាមកក្នុងកណ្តាប់ដៃអញ ដ្បិតវាទាល់ផ្លូវរួចហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកផង
8 រួចសូលទ្រង់ក៏ហៅបណ្តាទ័ពទាំងឡាយ ឲ្យប្រជុំគ្នាធ្វើចំបាំង ដើម្បីនឹងចុះទៅឡោមព័ទ្ធចាប់ដាវីឌ ហើយនឹងពួកលោកនៅកៃឡានោះ
9 ឯដាវីឌក៏ជ្រាបថា សូលគិតការអាក្រក់ទាស់នឹងខ្លួនដែរ បានជាលោកជំរាបដល់អ័បៀថើរដ៏ជាសង្ឃថា សូមយកអេផូឌមក
10 រួចដាវីឌទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំជាបាវបំរើទ្រង់ បានឮប្រាកដថា សូលចង់មកដល់កៃឡា ដើម្បីនឹងរំលាងបំផ្លាញក្រុងនេះ ដោយព្រោះទូលបង្គំហើយ
11 ដូច្នេះ តើពួកមនុស្សនៅកៃឡានេះ និងប្រគល់ទូលបង្គំទៅក្នុងកណ្តាប់ដៃសូលឬអី តើសូលនឹងចុះមកតាម ដូចជាទូលបង្គំជាបាវទ្រង់បានឮនោះឬអី ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់ប្រាប់ឲ្យទូលបង្គំជាបាវបានដឹងផង នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា នឹងចុះមកមែន
12 រួចដាវីឌទូលសួរថា តើពួកកៃឡានឹងប្រគល់ទូលបង្គំ ហើយនឹងពួកទូលបង្គំនេះ ទៅក្នុងកណ្តាប់ដៃនៃសូលដែរឬអី នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា គេនឹងប្រគល់ឯងទៅមែន
13 ដូច្នេះ ដាវីឌ ហើយនឹងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។
14 ឯដាវីឌលោកអាស្រ័យនៅទីពំនួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកសូលទ្រង់ចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះទ្រង់មិនប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃស្តេចឡើយ។
15 ដាវីឌក៏ឃើញថា សូលទ្រង់បានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងព្រៃនៅទីរហោស្ថានស៊ីភនោះ
16 ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង
17 លោកមានប្រសាសន៍ថា កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំបាននឹងជាបន្ទាប់របស់អ្នកដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ
18 នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថានលោកវិលទៅឯលំនៅរបស់លោកវិញ។
19 គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូល នៅត្រង់គីបៀរទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡា ដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន
20 ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់យាងចុះទៅ ដូចជាទ្រង់សព្វព្រះហឫទ័យចង់ទៅស្រាប់ ឯត្រង់ការចាប់បញ្ជូនវាមកក្នុងព្រះហស្តទ្រង់ នោះស្រេចនៅយើងខ្ញុំចុះ
21 សូលឆ្លើយថា សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្តីឈឺឆ្អាលនឹងយើង
22 ដូច្នេះ សូមឲ្យអ្នករាល់គ្នាទៅស៊ើបសួររក ឲ្យប្រាកដច្បាស់ជាងនេះទៅទៀត ដើម្បីឲ្យបានដឹង ហើយឃើញពិត ដែលវានៅត្រង់ណា ហើយអ្នកណាមួយដែលបានឃើញវានៅទីនោះផង ដ្បិតគេប្រាប់យើងថា វាឆ្លាតណាស់
23 ដូច្នេះ ចូរទៅមើល ឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយនឹងអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងជ្រាវរកវា ក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ។
24 គេក៏ក្រោកឡើង ទៅឯស្រុកស៊ីភមុនសូល តែដាវីឌ និងពួកលោក នៅក្នុងទីរហោស្ថានម៉ាអូន ដែលនៅស្រុកវាលខាងត្បូងទីរហោស្ថាននោះវិញ
25 ឯសូល និងពួកទ្រង់ក៏ទៅរក ហើយមានគេមកជំរាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន លុះកាលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ
26 សូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌ និងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូលហើយនឹងពួកទ្រង់ គេឡោមព័ទ្ធលោក និងពួកលោកទាំងប៉ុន្មាន ដោយប៉ងនឹងចាប់ខ្លួន
27 ខណៈនោះ មានអ្នកនាំដំណឹងមក ទូលដល់សូលថា សូមទ្រង់យាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ
28 នោះសូលទ្រង់ក៏លែងដេញតាមដាវីឌ ត្រឡប់វិលទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត
29 រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។